៩ខែដប់ថ្ងៃ ជារយៈពេលដែលស្ត្រីគ្រប់រូបត្រូវពពោះកូនក្នុងផ្ទៃ ហើយក៏ជារឿងដ៏លំបាកបំផុតរបស់ស្ត្រី ។
ក្នុងកំឡុងពេលពពោះ ស្ត្រីជាម្ដាយត្រូវថែរក្សាសុខភាពឱ្យល្អ ថែទាំកូនក្នុងផ្ទៃរង់ចាំថ្ងៃដែលកូនប្រសូតចេញពីពោះម្ដាយ ។ ចំណែកតាមទំនៀមទម្លាប់តាំងពីបុរាណក្នុងសង្គមខ្មែរ លោកយាយ វែន រ៉េត ឆ្មបបុរាណក្នុងខេត្តកំពង់ស្ពឺ ស្រុកសំរោងទង ឃុំតាំងក្រូច ភូមិក្រាំងម្កាក់ បានរៀបរាប់ត្រណម ៤ចំណុច ។
អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^
១. ហាមមិនឱ្យអង្គុយមាត់ជណ្ដើរ
លោកយាយ វ៉ែន រ៉េត ជាឆ្មបបុរាណធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នលោកយាយមានអាយុ ៨៥ បានឆ្នាំបានប្រាប់ថា ត្រណមតាំងពីបុរាណមកចាស់ៗតែងហាមប្រាមស្រ្តីមានផ្ទៃពោះមិនឱ្យអង្គុយមាត់ជណ្ដើរនោះទេ ។ លោកយាយប្រាប់ថា ការដែលស្រ្តីមានផ្ទៃពោះអង្គុយមាត់ជណ្ដើរ ខ្លាចពិបាកសម្រាលកូន កូននោះក្រចេញពីផ្ទៃពោះម្ដាយពេលសម្រាលត្រូវប្រើរយៈពេលយូរ ។ ម្យ៉ាងវិញទៀត ខ្លាចលោវិលមុខ ឬក៏រអិលជើងធ្លាក់ចុះមក ហេតុនេះហើយបានជាចាស់ៗមិនឱ្យអង្គុយមាត់ជណ្ដើរដាច់ខាត ។
២.ហាមមិនឱ្យឈោងចាប់នេះចាប់នោះ
លោកយាយប្រាប់ទៀតថា កាលណាស្ត្រីចាប់ផ្ដើមមានផ្ទៃពោះ តាំងពីខែដំបូងដាច់ខាតមិនឱ្យឈោងចាប់នេះចាប់នោះទេ ។ លោកយាយបន្តទៀតថា មូលហេតុដែលចាស់ៗហាមមិនឱ្យឈោងដៃខ្ពស់ៗព្រោះខ្លាចទងសួតរបូតចេញពីមាត់កូន អាចបណ្ដាលឱ្យកូនមានគ្រោះថ្នាក់ដល់អាយុជីវិតក្នុងផ្ទៃម្ដាយក៏មានដែរ ។
៣.មិនឱ្យងូតទឹកពេលយប់
លោកយាយ វ៉ែន រ៉េត ប្រាប់ទៀតថា តាំងពីជំនាន់តាយាយរបស់លោកយាយមកម្វ៉េះ ហាមដាច់ខាតមិនឱ្យងូតទឹកពេលយប់ទេ ។ ងូតទឹកពេលយប់ លោកយាយប្រាប់ថា អាចធ្វើឱ្យកូននោះថ្លោសពេក ពិបាកសម្រាលព្រោះទឹកពេលយប់ត្រជាក់ខ្លាំង ធ្វើឱ្យកូនក្នុងពោះត្រជាក់នាំឱ្យថ្លោស ។ ម្យ៉ាងវិញទៀត ងូតទឹកពេលយប់ខ្លាចសត្វចង្រៃ ដូចជាពស់ ក្អែប ចេញរកស៊ីពេលយប់ ខ្លាចមានគ្រោះថ្នាក់ ។
៤. កុំដំអក់
ចាស់ៗពីដើម តែងហាមប្រាមស្រ្តីមានផ្ទៃពោះកុំទម្លាប់ដំអក់ ខ្ជិល ធ្វើអីយឺតៗ ដូចជា ហូបបាយមិនត្រូវឡេះឡោះ ព្រឹកឡើងត្រូវក្រោកមុនប្ដី ប្រញាប់ចូលគេងជាដើម ។ មូលហេតុបានជាចាស់ៗក្នុងសង្គមខ្មែរ ឱ្យធ្វើដូចនេះព្រោះខ្លាចកូននោះកើតមកមិនរហ័សរហូន ខ្ជិលច្រអូស ព្រោះឆ្លងតាមម្ដាយតាំងពីនៅក្នុងពោះ ។ ទំនៀមទម្លាប់នេះ លោកយាយប្រាប់ថា មិនអាចមិនជឿបានទេ ត្រូវតែប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន ៕
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment