Tuesday, September 26, 2017

តើ​ការ​ច្របាច់​ក្បាល​សុដន់​ទារក​ទើប​នឹង ​កើត​ជា​ប្រការត្រឹមត្រូវ​ដែរ ឬ​ទេ ?

គ្រូពេទ្យ​កុមារ និង ​គ្រូពេទ្យ​ឯកទេស​សុដន់​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ទារក​ដែល​មាតាបិតា​បញ្ជូន​មក​មន្ទីរពេទ្យដោយសារ​តែ​ទារក​ទាំង​នោះ​គ្រុនក្ដៅ និង​មាន​ដំបៅ​នៅ​ត្រង់​សុដន់ បន្ទាប់​ពី​មាតាបិតា ឬ​ ជីដូន​ច្របាច់​ក្បាល​សុដន់​ទារក​អាយុ​ក្រោម​១​ខែ ដែល​គេ​ជឿ​ថា​កុំ​អោយ​សុដន់​ធំ​ ឬ​ យារ​នៅ​ពេល​ពេញ​វ័យ ។

គ្រូពេទ្យ​ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា មាន​ប្រសាសន៍​ថា  "ជា​ទស្សនៈ​យល់​ច្រឡំ​មួយ​ដែល​មនុស្ស​ចាស់​ធ្វើ​ត​គ្នា​ពី​បុរាណ​មក ហើយ​កូន​ចៅ​ជំនាន់​ក្រោយ​មិន​អាច​ប្រកែក បាន​ ទោះ​
បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ក៏ដោយ ។ " លោក​បន្ត​ថា "គ្មាន​ការ​សិក្សា​ណា​មួយ​ដែល​បញ្ជាក់​ថា សុដន់​ធំ ឬ ​យារ​នៅ​ពេល​ពេញ​វ័យ​ដោយសារ​មិន​បាន​ច្របាច់​យក​គ្រាប់​ចេញ​នៅ​ពេល​ជា​ទារក​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ទម្រង់​ប្រែប្រួល​នៅ​ពេល​មនុស្ស​ពេញ​វ័យ​ គឺ​អាស្រ័យ​ទៅ​លើ​តំណពូជ ។ ម្យ៉ាង​វិញ​ទៀត​ឥរិយាបថ​នៃ​ការ​ប្រព្រឹត្ត​បែប​នេះ​បាន​ផ្ដល់​ផល​លំបាក​ដល់​ទារក ដែល​នាំ​ឲ្យ​ទារក​គ្រុន​ក្ដៅ មាន​ហើម​នៅ​លើ​សុដន់ និង ​រហូត​ដល់​ឡើង​ដំបៅ​ដែល​ឈាន​ទៅ​ដល់​ការ​វះកាត់​ជាដើម ។



លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បញ្ជាក់​ទៀត​ថា "ការ​ច្របាច់​ក្បាល​សុដន់​នេះ​នាំ​ឲ្យ​ដាច់​រលាត់​សាច់​រហូត​ដល់​ឈាម​ក៏​មាន ។ ករណី​នេះ​ដោយសារ​មេរោគ​ឆ្លង​តាម​រយៈ​ដៃ​មិន​ស្អាត ឆ្លង​ទៅ​តាម​ឈាម នាំ​ឲ្យ​មាន​មេរោគ​នៅ​ក្នុង​ឈាម​ឆ្លង​ទៅ​ជា​ជំងឺ​ផ្សេងៗ ពិបាក​ព្យាបាល ព្រោះ​មេរោគ​នេះ​នឹង ​ទៅ​ប៉ះ​ដល់​ទី​ណា​នោះ​នឹង ​ឆ្លង​ដល់​កន្លែង​នោះ ។

មន្ត្រី​ចូលនិវត្តន៍​រោគ​ស្ត្រី និង ​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​សិក្សា​ឯកទេស​សុដន់​ពី​ប្រទេស​បារាំង អ្នកស្រី​វេជ្ជបណ្ឌិត ជូ ពិន ឆ្លើយ​តប​ថា "មាតា​បិតា​មិន​គួរ​គប្បី​ធ្វើ​អ្វី​លើ​ទារក​ហួស​ពី​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ឡើយ ។"  អ្នកស្រី​បន្ត​ថា "បន្ទាប់​ពី​សម្រាល​ហើយ​គ្រូពេទ្យ​បាន​តាមដាន​លើ​អវយវៈ សំខាន់​៤ គឺ​ឆ្អឹង ​បង្ហើយ ផ្ចិត ប្រដាប់​បន្ត​ពូជ និង​ស្បែក ។"  អ្នកស្រី​ផ្ដល់​ឱវាទ​ថា "ការ​ច្របាច់​ក្បាល​សុដន់​បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​ទៅ​លើ​សរីរាង្គ​សុដន់​ដែល​កំពុង​ដំណើរការ​លូតលាស់ ការវិវឌ្ឍន៍​នៃ​សុដន់ និង​ នាំ​ឲ្យ​គ្រាំ​ហើយ​រលាក​ក្រពេញ​សុដន់  ។ 

ការ​ព្យាបាល​ចំពោះ​ទារក​ដែល​រង​ការ​ប៉ះទង្គិច លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​ឆាប់​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​ទារក​ទទួល​រង​នូវ​បញ្ហា​នេះ ។ លោក​ថា គ្រូពេទ្យ​នឹង ​ពិនិត្យ​ទៅ​តាម​សភាព​ជំងឺ​ទារក​អាច​នឹង ​ត្រូវ​វះកាត់​យក​ខ្ទុះ​ចេញ និង​ ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ៖ «បើ​សិន​ជា​ក្នុង​ដំណាក់កាល​គ្រាន់​តែ​ប៉ោង ហើម​គ្រាន់​តែ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ។ តែ​បើ​ក្នុង​ករណី​ហើម​ក្លាយ​ដោយសារ​ដាច់​ស្បែក​មាន​មេរោគ​ចូល យើង​សំអាត​យក​ខ្ទុះ​ចេញ ចាក់​ថ្នាំ​ផ្សះ​ដើម្បី​កុំ​ឲ្យ​ក្នុង​ឈាម​ទាន់» ៕

0 comments:

 

KID and BABY Template by Ipietoon Cute Blog Design